អភិបាលខេត្តកំពតចុះបង្ក្រាបស្ករសរាប់តោនយកពីថៃបន្លំវិចខ្ចប់បាវវៀតណាម

អភិបាលខេត្តកំពតចុះបង្ក្រាបឃ្លាំងស្ករសខុសច្បាប់ នាំចូលពីថៃតែបែរបន្លំវិចខ្ចប់បាវវៀតណាម
(ខេត្តកំពត) មកមើលខាងខេត្តកំពតឯនេះវិញនារសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រោមការចុះដោយផ្ទាល់! ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញ ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងស្តុក និងវេចខ្ចប់ទំនិញខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។

ជុំវិញរឿងនេះ ស្ករសជាច្រើនតោនបាននាំចូលពីប្រទេសថៃ បន្លំទៅវិចខ្ចប់សំបកបាវជាផលិងផលរបស់វៀតណាម។

ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញខាងលើ កម្លាំងសមត្ថកិច្ចបានរកឃើញភស្តុតាងស្ករសជាច្រើនតោននាំចូលពីប្រទេសថៃ ជាច្រើនបាវដែលកំពុងស្តុកទុកស្រាប់។

ដោយក្រុម ក្រុមឈ្មួញបានធ្វើសកម្មភាពផ្ទេរស្ករសពីបាវដើម (ដែលមានឡូហ្គោអក្សរថៃ) មកច្រកក្នុងសំបកបាវថ្មីដែលមានរូបសញ្ញារបស់ប្រទេសវៀតណាមដោយការធ្វើបែបនេះគឺដើម្បីបន្លំភ្នែកសមត្ថកិច្ចក្នុងស្រុក និងងាយស្រួលក្នុងការដឹកជញ្ជូនបន្តនាំចេញទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់។

ជុំវិញបញ្ហានេះ ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញជំហរយ៉ាងរឹងមាំ និងមានប្រសាសន៍សង្កត់ធ្ងន់ៗទៅកាន់ក្រុមឈ្មួញថា រដ្ឋបាលខេត្តនឹងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។ លើសពីនេះឯកឧត្ដមក៍បានបន្តថា
យើងមិនលើកលែងឱ្យជាដាច់ខាត ចំពោះក្រុមឈ្មួញដែលនាំទំនិញខុសច្បាប់ចូលមកក្នុងភូមិសាស្ត្រខេត្តកំពត ហើយ នៅស្រុកខ្មែរយើងមិនខ្វះទេផលិតផលក្នុងស្រុក ហេតុអ្វីចាំបាច់នាំចូលពីក្រៅយកមកធ្វើបែបនេះ? យើងត្រូវរួមគ្នាលើកកម្ពស់ និងប្រើប្រាស់ផលិតផលរបស់ខ្មែរ។

ក្រោយពីចាប់បានបច្ចុប្បន្ន ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការដកហូតវត្ថុតាងទាំងអស់ និងកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *