ប្រភពមេធាវីថាតំណាងអយ្យការអនុញ្ញាត្តិឱ្យលោកកឹមសុខាទៅជួបម្ដាយរយៈពេលមួយម៉ោង

ប្រភពមេធាវីថា តំណាងអយ្យការអនុញ្ញាតឱ្យលោក កឹម សុខា ទៅជួបម្ដាយរយៈពេល១ម៉ោង

———————————————————–‐–

( ភ្នំពេញ ) ប្រភពមេធាវីលោកកឹមសុខាបានឱ្យវិទ្យុវាយោដឹងថា តំណាងអយ្យការបានអនុញ្ញាតឱ្យលោក កឹម សុខា ទៅជួបម្ដាយដែលកំពុងឈឺធ្ងន់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ លោកមេធាវី ផែង ហេង បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុវាយោថា តំណាងអយ្យការបានអនុញ្ញាតឱ្យលោក កឹម សុខា បានជួបម្តាយរយៈពេល១ម៉ោង ផុតរយៈពេលនេះ លោកនឹងត្រូវបញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកវិញ។

បើតាមសំណេរលើបណ្តាញសង្គម លោកមេធាវី ផែង ហេង បានឱ្យដឹងថា៖«ឯកឧត្តមកឹម សុខា ត្រូវបានកម្លាំងនគរបានក្រសួងមហាផ្ទៃជូនឯកឧត្តម មកជួបមុខម្តាយរបស់គាត់ ដែលប្អូនគាត់បានយកមកនៅផ្ទះក្នុងបុរី ក្នុងរាជធានីភ្នំពេញ។ គួរសង្វេក ពេលគាត់ឮសម្លេងឯកឧត្តម គាត់ខំប្រឹងព្រិកៗភ្នែក ហាក់បង្ហាញថាគាត់នៅស្តាប់ឮសម្រែកហៅរបស់ឯកឧត្តម និងខំប្រឹងចង់ស្តាប់ព្រះធម៌»។

តាមរយៈវីដេអូនៅលើបណ្តាញសង្គមរបស់លោកមេធាវី ឃើញថាលោក កឹម សុខា បានជួបនឹងឱបម្ដាយដែលកំពុងសម្រាកលើគ្រែស្តាប់ព្រះសង្ឃសូត្រធម៌។ លោកព្យាយាមហៅអ្នកម្តាយ ប៉ុន្តែម្តាយលោកហាក់បន្តខ្សោយកម្លាំង ខណៈម្តាយរបស់លោក កឹម សុខា ឈានចូលវ័យ១០០ឆ្នាំទៅហើយក្នុងឆ្នាំនេះ។

សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា និងហាមប្រាមមិនឱ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។បន្ថែមពីនេ តុលាការតម្រូវឱ្យសមត្ថកិច្ចឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ ដោយដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ៕

Leave a Reply

Your email address will not be published. Required fields are marked *