សត្វប្រើសញីមានផ្ទៃពោះមួយក្បឡត្រូវបានជនអគតិសម្លាប់ក្រោយវង្វេងចូលក្នុងភូមិរបស់អ្នកស្រុក

សត្វប្រើសញីមានផ្ទៃពោះមួយក្បាលត្រូវបានជនអគតិសម្លាប់ក្រោយវង្វេងចូលក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

…………………………………………………………………………

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន បានបង្ហាញនូវសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។

សកម្មភាពនេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបានឡើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តពោធិ៍សាត់។

 

ដោយមានការសហការ និងផ្តល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបរិស្ថាន អាជ្ញាធរបានចុះអន្តរាគមន៍ និងបានណែនាំឱ្យយកសាកសពសត្វប្រើសដ៏កម្សត់នោះ ទៅធ្វើបុណ្យកប់នៅក្នុងបរិវេណវត្តអារាមឱ្យបានសមរម្យ។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បាននិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចកុសល បង្សុកូល និងឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃ សូមឱ្យបានទៅចាប់ជាតិថ្មី ក្នុងសុគតិភព ជាមនុស្សល្អ មានវាសនាខ្ពង់ខ្ពស់ និងជៀសផុតពីជីវិតអភ័ព្វដូចក្នុងជាតិនេះទៀត។

 

ជាមួយគ្នាករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរជំនាញ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ។បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ អាជ្ញាធរ សូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន មេត្តាចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕

Leave a Reply

Your email address will not be published. Required fields are marked *