ពលរដ្ឋសហគមន៍កោះមាសបន្តដាក់ញត្តិនៅរដ្ឋសភាសុំអន្តរាគមន៍ដោះស្រាយវុវាទដីធ្លី

ពលរដ្ឋសហគមន៍កោះមាស បន្តដាក់ញត្តិនៅរដ្ឋសភា សុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី

(អត្ថបទដោយ៖ ពូ សូរាជីនី)

ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ តំណាងឱ្យ ១៦៨គ្រួសារ នៃសហគមន៍កោះមាស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាទៅដាក់ញត្តិនៅរដ្ឋសភា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ ជួយដោះស្រាយវិវាទដីធ្លីដ៏អូសបន្លាយជាច្រើនឆ្នាំជាមួយក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ខណៈពលរដ្ឋអះអាងថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនេះដោយស្របច្បាប់។

ជាមួយគ្នានេះតំណាងប្រជាសហគមន៍កោះមាស លោក គង់ ថាវី អាយុ ៥១ឆ្នាំ បានលើកឡើងថា គោលបំណងសំខាន់នៃការដាក់ញត្តិនៅពេលនេះ គឺស្នើឱ្យស្ថាប័នរដ្ឋជួយអន្តរាគមន៍លើបញ្ហាប្លង់ដី ដែលអាជ្ញាធរធ្លាប់បានចុះវាស់វែងកាលពីឆ្នាំ២០២០ និងបានសន្យាថានឹងចេញប្លង់ជូនប្រជាពលរដ្ឋ។ លោកបន្តថា រដ្ឋសភាបានទទួលយកញត្តិនេះពីតំណាងប្រជាពលរដ្ឋរួចហើយ។

លោកមានប្រសាសន៍ថា៖ «គោលបំណងចង់ឲ្យសភាជួយអន្តរាគមន៍អំពីប្លង់ដី ដែលបានវាស់កាលពីឆ្នាំ២០២០ និងអាជ្ញាធរសង្កាត់ក្បាលកោះច្បារអំពៅបានវាស់ ដីពួកខ្ញុំថាធ្វើប្លង់ឲ្យពួកខ្ញុំ»។

លោកបន្តថា ប្រជាពលរដ្ឋមិនជំទាស់នឹងការអភិវឌ្ឍន៍នោះទេ ប៉ុន្តែស្នើឱ្យមានដំណោះស្រាយសមរម្យ និងតម្លៃសំណងស្របតាមតម្លៃទីផ្សារ ប្រសិនបើមានការដកហូតដី។ លោកថា ដីរបស់លោកមានទំហំ ២ហិកតារ និងបានកាន់កាប់តាំងពីឆ្នាំ១៩៩១ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមានប្លង់ទន់ត្រឹមត្រូវ។

ប្រភពលោក គង់ ថាវី បន្ថែមថា ប្រជាពលរដ្ឋក៏បានគ្រោងដាក់ញត្តិថ្វាយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍លើវិវាទដីធ្លីនេះ ប៉ុន្តែដោយសារព្រះអង្គមិនបានគង់ប្រថាប់នៅក្នុងព្រះបរមរាជវាំង ទើបពួកគេសម្រេចមកដាក់ញត្តិនៅរដ្ឋសភាជាមុនសិន ដើម្បីសុំឱ្យតំណាងរាស្ត្រជួយរកដំណោះស្រាយ។

លោកបានបញ្ជាក់ថា ប្រសិនបើមិនទទួលបានការឆ្លើយតប ឬដំណោះស្រាយច្បាស់លាស់ទេ ពួកគេនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នកំពូលផ្សេងទៀត។

ជុំវិញបញ្ហានេះរីឯតំណាងប្រជាសហគមន៍កោះមាសម្នាក់ទៀត លោក ចេង សៀង អាយុ ៦១ឆ្នាំ ដែលតំណាងឱ្យប្រជាពលរដ្ឋ ១៦៨គ្រួសារ បានលើកឡើងថា ការដាក់ញត្តិនេះ ក៏មានគោលបំណងស្នើឱ្យលុបចោល ស.ជ.ណ. ពាក់ព័ន្ធមួយចំនួន ដែលពួកគេចាត់ទុកថា បានរំលោភលើសិទ្ធិកាន់កាប់ដី និងសិទ្ធិអាស្រ័យផលរបស់ប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «ចំពោះគោលបំណងដែលយើងទៅនេះទីមួយសំណូមពរឲ្យ ស.ជ.ណ.ទីពីរដូចឯកសារដែលខ្ញុំបានផ្ញើទៅ គោលបំណងទីមួយគឺសុំលុបអក្សរ ស.ជ.ណ ទាំងពីរខាងលើនោះដែលខាងព្រឹទ្ធសភាគាត់ធ្លាប់បាននិយាយថារំលោភលើ សិទ្ធកាន់កាប់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ»។

លោកបានអំពាវនាវដល់រដ្ឋសភាឱ្យជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រោះពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនេះដោយស្របច្បាប់ មិនមែនជាការចាប់ដីអនាធិបតេយ្យនោះទេ។

លោកលើកឡើងបន្ថែមថា៖«ចំពោះទំនុកចិត្តដែលយើងទាមទារទៅនេះយើងជឿជាក់លើរដ្ឋសភាជាតិព្រោះជាកន្លែងច្បាប់ហើយប្រជាពលរដ្ឋទាំងអស់ហ្នឹងគឺគាត់រស់នៅស្របច្បាប់អត់មានបានទៅចាប់ដីអនាធិបតេយ្យព្រោះឯកសារមាន[…] ហើយចំពោះដែលសំណូមពរគឺសំណូមពរឲ្យរដ្ឋសភាហ្នឹង ជួយឲ្យចុះទៅឲ្យខាងជំនាញចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងថាដីណាគឺនិយាយពលរដ្ឋអនាធិបតេយ្យឬក៏ជាសមិទ្ធផលក្រោយ៧មករា១៩៧៩»។

យោងតាមញត្តិរបស់ប្រជាពលរដ្ឋ វិវាទដីធ្លីនៅតំបន់កោះមាសនេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងប្រជាពលរដ្ឋក្នុងសហគមន៍ប្រមាណ ១៦៨គ្រួសារ និងក្រុមហ៊ុនឯកជន ឃុន សៀ អ៊ីមផត អិចផត។ ដើមចមនៃបញ្ហានេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ដល់ដីអនុបយោគ ទំហំប្រមាណ ៣៥០ហិកតារ នៅតំបន់កោះនោះ ដើម្បីឱ្យក្រុមហ៊ុនជួលវិនិយោគអភិវឌ្ឍន៍ក្នុងរយៈពេល ៥០ឆ្នាំ។

តែទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតំបន់កោះមាស ធ្លាប់បានលើកឡើងថា ការដោះស្រាយគោលនយោបាយជូនពលរដ្ឋ តម្លៃ ៥ដុល្លារ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េនេះ គឺពួកគាត់ពុំអាចទទួលយកបានទេ ដោយសារមិនអាចទៅរកដីធ្លីសម្រាប់រស់នៅនិងអាស្រ័យផលនៅកន្លែងផ្សេងបាន ដែលការណ៍នេះ ពួកគាត់ស្នើឱ្យមានការដោះស្រាយគោលនយោបាយតាមតម្លៃទីផ្សារ។

ជុំវិញបញ្ហានេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែលសហគមន៍នៅតែបន្តដាក់ញត្តិ បង្ហាញថា ពួកគេមិនទាន់ទទួលបានដំណោះស្រាយដែលអាចទទួលយកបាន និងមិនទាន់មានទំនុកចិត្តលើការដោះស្រាយរបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធកន្លងមក។

រឿងនេះសោតលោកបញ្ជាក់ថា ដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសពីសហគមន៍ដែលរងផលប៉ះពាល់ គឺជាចំណុចសំខាន់បំផុត ព្រោះប្រសិនបើពលរដ្ឋមិនទទួលយកដំណោះស្រាយ បញ្ហានឹងមិនអាចបញ្ចប់បានឡើយ។ លោកក៏បានកត់សម្គាល់ថា ប្រសិនបើបញ្ហាដីធ្លីត្រូវអូសបន្លាយយូរ អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺប្រជាពលរដ្ឋក្នុងសហគមន៍៕

  1. ប្រភពរូបភាព ពីប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *