ការទាមទារបស់កម្មកររោងចក្រហេន7 ហ្គាមិនត្រូវបានដោះស្រាយបញ្ចប់ខណៈកម្មករត្រូវចូលធ្វើការនៅថ្ងៃនេះ

ការទាមទាររបស់កម្មកររោងចក្រ ហេន ៧ ហ្គាម៉ិនត្រូវបានដោះស្រាយ​បញ្ចប់ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក

 


         ជុំវិញរឿងនេះការទាមទាររបស់កម្មករកម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ដោយកម្មករទទទួលយកដំណោះស្រាយរបស់ក្រសួងការងារ ខណៈពួកគេនឹងចូលធ្វើការធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះៗ

ជុំវិញបញ្ហានេះលោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរបានឯកភាពគ្នាស្រុះស្រួលចំនួន១០ចំណុច។ នៅក្នុងនោះមានជាអាទិ៍ក្រុមហ៊ុននឹងអនុវត្តទៅតាមច្បាប់ស្តីពីការងារ, ក្រុមហ៊ុនយល់ព្រមធ្វើការផ្លាស់ប្ដូរថ្ងៃឈប់សម្រាកបុណ្យដោយមានការស្ម័គ្រចិត្តពីខាងកម្មករនិយោជិត, ក្រុមហ៊ុននឹងពន្យល់ណែនាំដល់ប្រធានផ្នែក ក៏ដូចជាប្រធានក្រុម ឱ្យប្រើពាក្យសម្តីសមរម្យក្នុងការបំពេញការងារជាដើម។

គួរបញ្ជាក់ផងដែរថា  ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ, តំណាងមន្ទីរការងាររាជធានីភ្នំពេញ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់កម្មករ។

ជាមួយគ្នា អ្នកនាំពាក្យក្រសួងការងារអះអាងថា ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ គឺជាកិច្ចការងារអាទិភាព ៕ អច្ឆរិយកីឡាធីវី

Leave a Reply

Your email address will not be published. Required fields are marked *