ឃាតកម្មបាញ់សម្លាប់នៅស្រុកស្វាយលើខេត្តសៀមរាបបណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗ
—————————————————————-
(ខេត្តសៀមរាប ) បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីត្រូវជនសង្ស័យបានបាញ់សម្លាប់នៅមុខផ្ទះរបស់ខ្លួន។ ដោយអំពើឃាតកម្មនេះបានកើតឡើង ចំណុចមុខផ្ទះជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ០៨និង៤០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបើតាមព័ត៌មានបឋម។
ជុំវិញរឿងនេះសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អង្គភាពសារព័ត៌មាន អច្ឆរិយៈកីឡាធីវី ថា ករណីឃាតកម្មបង្កឡើងដោយ ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើសកម្មភាពយកកាំភ្លើងខ្លី (ពុំទាន់ស្គាល់ម៉ាក) បាញ់សម្លាប់ជនរងគ្រោះនៅចំណុចមុខផ្ទះជនរងគ្រោះ។
ជាមួយគ្នាសមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
នេះបើយោងតាមសមត្ថកិច្ចអំពើឃាតកម្មនេះមូលហេតុ ជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសំដីពេលកើតហេតុ និងធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ផងដែរ។
ទោះជាយ៉ាងណាបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុកស្វាយលើ ចាប់ខ្លួនភ្លាមៗដើម្បីបន្តនីតិវិធី ៕ ឌីយ៉ាត្រង់ អច្ឆរិយកីឡាធីវី