សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន15នាក់ទៀតពាក់ព័ន្ធអនឡាញស្គេម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន១៥នាក់ទៀតពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ!
‎———————————————————
‎ ( ភ្នំពេញ )
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន១៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ការឃាត់ខ្លួនធ្វើឡើងខណៈពេលកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៤ករណីផ្សេងគ្នានៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ជុំវិញរឿងនេះសមត្ថកិច្ចក៏ដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ទូរសព្ទដៃសរុបចំនួន៤៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន៥គ្រឿង រថយន្តម៉ាកGAC GN8 ចំនួន១គ្រឿង សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់ រួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួន។ វិធានការចំពោះមុខ អាជ្ញាធរបានសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន នូវផ្ទះលេខ ERM-059 ផ្លូវរំចង់ និងផ្ទះលេខ ERM-059 ផ្លូវផ្កាឈូក ដែលជាកន្លែងប្រព្រឹត្តបទល្មើស។ ចំណែកជនសង្ស័យនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

‎ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក៍បានបញ្ជាក់ថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនិងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន២៣៦ទីតាំងនៅក្នុងបណ្តារាជធានី-ខេត្ត ក្នុងនោះទីតាំងកាស៊ីណូចំនួន៩១ទីតាំង ទីតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន១៤៥ទីតាំង។

‎ សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន៧៩សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។

ជាមួយគ្នានេះ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះចំនួនប្រមាណជាង២២ម៉ឺននាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក។

‎ សូមបញ្ជាក់ផងដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *