រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកកម្ពស់ម៉ាកសញ្ញាផលិតផលខេត្ត
———————————————————-

(ខេត្តព្រះសីហនុ ) នៅថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត (ជាន់ផ្ទាល់ដី) បានរៀបចំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ស្តីពី «ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងខេត្តព្រះសីហនុ»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ និងពង្រឹងគុណភាពផលិតផលសក្ដានុពលក្នុងខេត្តព្រះសីហនុ សំដៅទាក់ទាញការគាំទ្រពីអតិថិជនជាតិ និងអន្តរជាតិ ព្រមទាំងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ក្នុងកិច្ចប្រជុំនោះបានលើកយកចំនុចមួយចំនួនមកពិភាក្សា រួមមាន៖
១. ការផលិតវីដេអូផ្សព្វផ្សាយ “បង្គាក្រៀម” រៀបចំចងក្រងជាវីដេអូបង្ហាញពីខ្សែច្រវាក់ផលិតកម្ម និងគុណភាពនៃបង្គាក្រៀមដែលជាផលិតផលដ៏ល្បីល្បាញប្រចាំខេត្ត ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន។
២. ការផលិតវីដេអូផ្សព្វផ្សាយ “ត្រីក្រចកក្របី” ការលើកកម្ពស់ផលិតផលជលផលក្នុងស្រុក តាមរយៈការបង្ហាញពីភាពពិសេស និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃត្រីក្រចកក្របី ដែលជាអត្តសញ្ញាណមួយនៃមុខម្ហូបសមុទ្រ។
៣. ការសិក្សាមុខម្ហូបប្រចាំខេត្ត ក្រុមការងារបានពិភាក្សាលើការចងក្រង និងកំណត់អត្តសញ្ញាណមុខម្ហូបពិសេសៗប្រចាំខេត្តព្រះសីហនុ ដើម្បីដាក់បញ្ចូលទៅក្នុងបញ្ជីមុខម្ហូបទេសចរណ៍ និងការទទួលបដិសណ្ឋារកិច្ចផ្លូវការ។
៤. ការរៀបចំម៉ាកសញ្ញា ត្រូវការសិក្សា និងរៀបចំបង្កើតម៉ាកសញ្ញាផលិតផល ដែលត្រូវបានទទួលស្គាល់ និងបញ្ជាក់គុណភាពដោយរដ្ឋបាលខេត្ត ដើម្បីបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។
ឯកឧត្តម អ៊ុម សុខធី បានសង្កត់ធ្ងន់ថា ការជំរុញផលិតផលក្នុងស្រុកមិនត្រឹមតែជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជានេសាទ និងសិប្បករក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនភាពទាក់ទាញដល់វិនិយោគិន និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុផងដែរ។ ការមានម៉ាកសញ្ញាច្បាស់លាស់ និងការផ្សព្វផ្សាយតាមរយៈវីដេអូទំនើប គឺជាសោរគន្លឹះក្នុងការនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ៕
រូបភាព៖ កាន សំអុល
អត្ថបទ៖ មឿន ស្រីមុំ