ក្រោយមីយ៉ាន់ម៉ាទំលាក់គ្រាប់ចូលទឹកដីថៃមួយគ្រាប់ពេលនេះសៀមរឹទ្ធបន្តឹងសន្តិសុខតាមព្រំដែន

ក្រោយមុីយ៉ាន់ម៉ាទំលាក់គ្រាប់ចូលទឹកដីថៃមួយគ្រាប់ពេលនេះថៃបញ្ជាឱ្យខេត្តជាប់ព្រំដែនរឹតបន្តឹងវិធានការសន្តិសុខភ្លាមៗ

———————————————————–

នាយកដ្ឋាននៃរដ្ឋបាលខេត្ត ក្រោមក្រសួងមហាផ្ទៃថៃ បានចេញបទបញ្ជាបន្ទាន់មួយ ណែនាំដល់ចៅហ្វាយស្រុក និងមន្ត្រីរដ្ឋបាលមូលដ្ឋាន នៅខេត្តជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ាចំនួនបួនរួមមានMae Hong Son, Chiang Mai, Chiang RaiនិងTak ឱ្យរឹតបន្តឹងវិធានការសន្តិសុខ តាមដានយ៉ាងដិតដល់នូវការប្រយុទ្ធគ្នា ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយ២៤ម៉ោងលើ២៤ម៉ោង ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ប្រសិនបើការប្រយុទ្ធគ្នា ប៉ះពាល់ដល់ផ្ទះសម្បែងឬទ្រព្យសម្បត្តិរបស់ប្រជាជន មន្ត្រីត្រូវបានណែនាំឱ្យធ្វើសកម្មភាពឱ្យបានលឿនដោយមិនបង្អង់យូរឡើយ។ កន្លែងណាដែលមានរបួស ឬការគំរាមកំហែងដល់អាយុជីវិត អាជ្ញាធរត្រូវបានប្រាប់ឱ្យផ្តល់អាទិភាពខ្ពស់បំផុតដល់ការគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់។ ក្រសួងបាននិយាយថា វិធានការទាំងនេះមានគោលបំណងរក្សាសន្តិភាព និងធានាសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ប្រជាជនថៃដែលរស់នៅតាមតំបន់ព្រំដែន។

បទបញ្ជានេះបានដាក់ចេញចំពេលមានភាពចលាចលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលការប៉ះទង្គិចគ្នាដោយអាវុធ រវាងកងទ័ពមីយ៉ាន់ម៉ានិងសហភាពជាតិការ៉ែន(KNU) បានរីករាលដាលដល់តំបន់នានាតាមបណ្តោយព្រំដែនថៃ។ បើតាមThe Nation បានរាយការណ៍នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៦ឱ្យដឹងថា គ្រាប់បែកមួយគ្រាប់ពីការវាយឆ្មក់តាមអាកាសរបស់មីយ៉ាន់ម៉ា បានធ្លាក់លើទឹកដីថៃនៅក្នុងខេត្តMae Hong Son ដែលជំរុញឱ្យមន្ត្រីជម្លៀសប្រជាជននៅក្នុងតំបន់នោះយ៉ាងទាន់ហន់។

 

សូមបញ្ជាក់ផងដែរថានៅថ្ងៃចន្ទម្សិលមិញ កងទ័ពអាកាសមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះចម្បាំងYak-130និងMiG-29 វាយប្រហារតាមអាកាស លើមន្ទីរពេទ្យមួយរបស់KNUនិងផ្ទះសម្បែងក្បែរៗនោះក្នុងរដ្ឋKaren ដែលមានចម្ងាយប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ ពីព្រំដែន នៅទល់មុខMae Sam Laepស្រុកSop Moei ខេត្តMae Hong Sonប្រទេសថៃ។ គ្រាប់បែកជាច្រើនគ្រាប់បានទម្លាក់ស្រោចលើភូមិនានា នៅក្នុងរដ្ឋKarenប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាយចូលទឹកដីថៃ ដោយធ្លាក់នៅជិតទន្លេSalween នៅតំបន់Ban Mae Sam Laep ដែលបង្កឱ្យមានការភ័យស្លន់ស្លោ ពីក្នុងចំណោមអ្នកស្រុកនៅតំបន់នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *