បងប្អូនអ្នកសារព័ត៌មានពីរនាក់ត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង លើកពេលប្រកាសសាលដីកាសំណុំរឿងទៅចុងខែមីនាខាងមុខនេះ
![]()
![]()
ជុំវិញរឿងនេះសាលាឧទ្ធរណ៍ខេត្តបាត់ដំបង សម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងអ្នកសារព័ត៌មានអនឡាញពីរនាក់ ឈ្មោះ ភាព ភារ៉ា និងឈ្មោះ ផន សុភាព ពាក់ព័ន្ធនឹងការធ្វើឱ្យអន្តរាយដល់ការការពារជាតិ ទៅចុងខែមីនា ខាងមុខនេះវិញ។
ជាមួយគ្នានេះ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online និងលោក ភាព ភារ៉ា ជាអ្នកសារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ ដែលជាប់ចោទពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ។
បន្ថែមលើសនេះអង្គជំនុំជម្រះបានសាកសួរដេញដោលលោក ផន សុភាព និងលោក ភាព ភារ៉ា អស់រយៈពេលជាង ១ម៉ោង បន្ទាប់មក ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើកពេលប្រកាសសាលដីកាលើសំណុំរឿងរបស់អ្នកទាំងពីរទៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះវិញ។
សូមបញ្ជាក់ថាសវនាការនេះធ្វើឡើងបន្ទាប់ពីលោក ផន សុភាព និងលោក ភាព ភារ៉ា បានដាក់ពាក្យបណ្ដឹងសាលាឧទ្ធរណ៍ជំទាស់ទៅនឹងបទចោទប្រកាន់របស់សាលាដំបូងខេត្តសៀមរាប កាលពីពេលកន្លងទៅនោះ។
ទោះជាយ៉ាងណាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង អយ្យការបានសម្រេចធ្វើការចោទប្រកាន់អ្នកសារព័ត៌មានឈ្មោះ ភាព ភារ៉ា និងឈ្មោះ ផន សុភាព ទាក់ទងនឹងការប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។
ប្រភពដដែលក៍បានបញ្ជាក់បន្ថែមថាអ្នកទាំងពីរបានប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ដោយការថតរូបក្នុងតំបន់ហាមឃាត់របស់យោធានៅសមរភូមិក្នុងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលព័ត៌មានទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យដដែលនេះបញ្ជាក់ថា សំណុំរឿងនេះពុំទាន់ត្រូវបានជំនុំជម្រះនៅឡើយទេ ហើយបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលស៊ើបសួរ ដោយចៅក្រមស៊ើបសួរកំពុងស៊ើបអង្កេតស្វែងរកព័ត៌មាន និងស្រាវជ្រាវភស្តុតាងក្នុងសំណុំរឿងនេះបន្ថែមទៀត។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ផន សុភាព និងលោក ភាព ភារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីតាំងផ្សេងគ្នា ក្រោយត្រឡប់មកពីធ្វើបទយកការណ៍ក្នុងខេត្តឧត្ដរមានជ័យ នៅជិតព្រំដែនកម្ពុជា-ថៃ ដោយបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តសៀមរាប។
ពាក់ព័ន្ធមុនការចាប់ខ្លួន អ្នកសារព័ត៌មានទាំងពីរនេះត្រូវបានគេឃើញថតជាប់ជាមួយនឹងទាហានកម្ពុជា នៅពីមុខប្រាសាទតាក្របី ដែលរូបថតនោះត្រូវបានគេថតក្រោយពីបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែរូបថតនោះត្រូវបានបង្ហោះចែកចាយឡើងវិញលើបណ្ដាញទំនាក់ទំនងសង្គមដោយសារព័ត៌មានថៃ ដែលភ្ជាប់ជាមួយរូបភាពគ្រាប់មីននៅផ្ទៃខាងក្រោយខ្នង៕ អច្ឆរិយកីឡា ធីវី
