ហេតុអ្វីប្រជាជនខ្មែរតែងយកឧបករណ៍ប្រើប្រាស់បែបប្រពៃណីផ្សេងៗមកដាក់តាំងនៅលើឆាកឬទីតាំងប្រារព្ធពិធីសង្ក្រាន្ត?
ជុំវិញរឿងនេះការយកឈ្នាង អង្រុត ល្អី កញ្ជើ និងឧបករណ៍ប្រើប្រាស់បែបប្រពៃណីផ្សេងៗ មកតាំងលម្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាមានអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងនឹងវប្បធម៌ និងស្មារតីជាតិ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា។ នៅក្នុងនោះលោកបានបញ្ជាក់អត្ថន័យសំខាន់៤យ៉ាងដូចខាងក្រោម៖
១. ការរំលឹកពីអត្តសញ្ញាណ និងឫសគល់
ឧបករណ៍ទាំងនេះជាតំណាងឱ្យ “ជីវភាពកសិកម្ម” ដែលជាគ្រឹះនៃសង្គមខ្មែរតាំងពីបុរាណកាល។ ការតាំងលម្អបែបនេះ គឺជាការបង្ហាញពីមោទនភាពចំពោះដូនតានិងការរំលឹកដល់កូនចៅជំនាន់ក្រោយឱ្យស្គាល់ពីឧបករណ៍ប្រើប្រាស់ពិតៗរបស់ខ្មែរ មិនឱ្យភ្លេចឫសគល់ខ្លួនឯង បើទោះបីជាបច្ចុប្បន្នមានសម្ភារៈទំនើបៗជំនួសក៏ដោយ។
២. និមិត្តរូបនៃភាពសម្បូរសប្បាយ
ក្នុងជំនឿខ្មែរ ឈ្នាង ឬអង្រុត គឺជាឧបករណ៍សម្រាប់រកត្រី (អាហារ) ចំណែកកញ្ជើ ល្អី ជាសម្ភារៈសម្រាប់ផ្ទុកដាក់ភោគផល។ ការយកមកតាំងលម្អក្នុងថ្ងៃសង្រ្កាន្តជានិមិត្តរូបនៃ៖
* ការប្រមូលភោគផល៖ បង្ហាញពីការបញ្ចប់រដូវច្រូតកាត់ និងការសន្សំទុកដាក់បានយ៉ាងល្អ។
* ភាពត្រជាក់ត្រជុំ៖ បន់ស្រន់ឱ្យឆ្នាំថ្មីមានម្ហូបអាហារហូរហៀរ និងរកស៊ីមានបានដូចការដាក់ឈ្នាង ឬអង្រុតបានត្រីពេញៗអញ្ចឹងដែរ។
៣. ការលើកកម្ពស់សិល្បៈសិប្បកម្មខ្មែរ
ឧបករណ៍ទាំងនេះធ្វើឡើងពី “ឫស្សីនិងផ្តៅ” ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់នៃសិល្បៈត្បាញរបស់ខ្មែរ។ ការយកមកតុបតែងលម្អ ជួយបង្កើនសោភណភាពបែប “ស្រុកស្រែ” ដែលមើលទៅមានភាពទាក់ទាញ ថ្លៃថ្នូរ និងមានភាពកក់ក្តៅជាងការប្រើប្រាស់សម្ភារៈជ័រ ឬដែក។
៤. ការបង្កើនបរិយាកាស “សង្រ្កាន្ត”
ការតុបតែងដោយសម្ភារៈបែបប្រពៃណី ជួយបង្កើតបរិយាកាសឱ្យកាន់តែសមស្របទៅនឹងពិធីបុណ្យជាតិ។ វារំលេចនូវទិដ្ឋភាពភូមិឋានខ្មែរដ៏ពិតប្រាកដ បង្កឱ្យមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយក្នុងចិត្តពេលបានឃើញ។
រឿងនេះសោតជាការដាក់តាំងឈ្នាង អង្រុត គឺដើម្បី “ថែរក្សាវប្បធម៌ រំលឹកគុណដូនតា និងបន់ស្រន់សុំសេចក្តីសុខសប្បាយ រកស៊ីមានបាន ក្នុងឱកាសឆ្នាំថ្មី៕អច្ឆរិយកីឡាធីវី
