រដ្ឋបាលខេត្តបន្ទាយមានជ័យចេញមុខមកបញ្ជាក់សារជាថ្មីរឿងធ្វើផ្ទះឱ្យជនភៀសសឹក

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញមកបញ្ជាក់ករណី រដ្ឋាភិបាលបានរៀបចំដី និងផ្ទះជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះ ដោយសារយោធាថៃហ៊ុំព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ថាមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ ប៉ុន្តែគឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦
————————————————————–
(បន្ទាយមានជ័យ )
ជុំវិញបញ្ហានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល របសើ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាល តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់ សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននឹងកំពុង ដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្នជំហានដំបូងតាមរយៈនៃការចាប់ឆ្នោត។

រដ្ឋបាលខេត្តក៍បានបញ្ជាក់ថា ការរៀបចំដី និងផ្ទះជូនប្រជាពលរដ្ឋខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់ពលរដ្ឋ ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន របស់ខ្លួនវិញ។

ជុំវិញរឿងនេះអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ធ្លាប់បានឱ្យដឹងថាការផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។ ក្រៅពីផ្តល់ជម្រកបណ្តោះអាសន្ន អ្នកនាំពាក្យ បានបញ្ជាក់ទៀតបន្ថែមថា រាជរដ្ឋាភិបាលក៏ផ្តល់ឱ្យជនភៀសសឹកនូវដំណោះស្រាយសមរម្យមួយទៅតាមស្ថានភាពជាក់ស្តែង ដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃអំឡុងពេលដ៏លំបាកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *