សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីទទួលទេវតាឆ្នាំថ្មី
————————————————————
(ខេត្តតាកែវ) នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ធាម ច័ន្ទពិសិទ្ធ ប្រធានសាលាដំបូងខេត្តតាកែវ និងលោកជំទាវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោកជំទាវ ព្រមជាមួយ លោក លោកស្រី ចៅក្រម និងព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងតាកែវទាំងអស់ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះក្នុងឱកាសដ៏ វិសេសវិសាល ថ្នាក់ដឹកនាំ សាលាដំបូង និងអយ្យការអមសាលាដំបូងតាកែវ ក៏បានប្រសិទ្ធពរជ័យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំ សព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់មន្ត្រីរាជការទាំងអស់ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ប្រាជ្ញាវាងវៃ សុខភាពល្អ ពេញបរិបូណ៌ កំលាំងពលំមាំមួន និងសូមឱ្យសម្រេច បានជោគជ័យត្រចះត្រចង់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ថែមលើសនេះ មិនតែប៉ុណ្ណោះក៏មានរបាំជូនពរ របាំត្រុដ និងល្បែងប្រជាប្រិយដូចជា បោះអង្គុញ លោតបាវ វៃក្អម ជាមួយអាហារសាមគ្គីនាពេលល្ងាចថែមទៀតផងដែរ៕ លោកញឹមរ៉ា អច្ឆរិយកីឡា ធីវី