ក្រសួងការងារអំពាវនាវដល់អតីតពលករដែលធ្វើការងារខាងសំណង់ថៃ ចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ
———————————————————-
——————-
(ភ្នំពេញ ) ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករមកពីប្រទេសថៃ មកចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL)ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ដើម្បីបំប្លែងបទពិសោធជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រទទួលជំនាញផ្លូវការ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី៩ ខែមេសានេះថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់អតីតពលករមកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញអតីតពលករខ្មែរដែលធ្លាប់មានពីមុនមកនៅប្រទេសថៃ។
ប្រភពដដែលបានបន្តថា មុខជំនាញដែលគ្រោងអនុវត្តមានចំនួន៨មុខជំនាញនៅក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង៨នោះរួមមាន ការងារកំបោរ(រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី។
ជាមួយគ្នាអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ ការចុះឈ្មោះធ្វើតេស្ត RPLដោយឥតគិតថ្លៃនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីថៃ គឺយើងផ្តល់ឱកាសដល់ពួកគាត់ដែលមានជំនាញពិតប្រាកដ ប៉ុន្ដែមិនទាន់មានការទទួលស្គាល់មុខជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់ ។
ជុំវិញរឿងនេះលោក ស៊ុន មេសា បានបន្ថែមថា សម្រាប់អតីតពលករមកពីប្រទេសថៃនឹងទទួលបានការស្គាល់សមត្ថភាព មានឱកាសការងារល្អទទួលបានប្រាក់ចំណូលខ្ពស់ និងក្លាយជាបុគ្គលិកក្នុងប្រព័ន្ធដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ក៏ដូចជាបង្កើនជំនឿចិត្តលើខ្លួនឯងក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។
បន្ថែមលើនេះសម្រាប់អ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ ដើម្បីកាត់បន្ថយការចំណាយទៅលើការបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញស្រាប់ ធានាស្តង់ដា គុណភាពការងារនិងបង្កើនទំនុកចិត្តវិនិយោគ។ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដាខ្ពស់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
រឿងនេះសោតបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងគ្រោងនឹងចាប់ផ្តើមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL)ដល់អតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ចំពោះការធ្វើតេស្ដនេះមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ៕